John 20

ព្រះយេស៊ូរស់​ឡើង​វិញ​

1នៅព្រលឹមស្រាងៗ​ក្នុង​ថ្ងៃ​ទីមួយនៃសប្ដាហ៍នោះ​កាល​ងងឹតនៅឡើយ​នាង​ម៉ារាអ្នក​ក្រុង​ម៉ាក់ដាឡាបានទៅ​ឯ​ផ្នូរនាងក៏ឃើញថ្ម​នៅ​មាត់​ផ្នូរ​ត្រូវ​គេ​យកចេញ​ទៅ​ហើយ 2ពេលនោះនាង​ក៏​រត់ទៅ​លោក​ស៊ីម៉ូនពេត្រុសនិងសិស្សម្នាក់ទៀតដែល​ព្រះ​យេស៊ូស្រលាញ់ហើយប្រាប់ពួកគេថា៖ ​«មាន​គេ​យកព្រះអម្ចាស់ចេញពីផ្នូរ​ហើយ​យើង​មិនដឹងថា​គេ​ដាក់ព្រះអង្គ​នៅ​កន្លែងណាទេ»។ 3ដូច្នេះលោក​ពេត្រុសនិងសិស្សម្នាក់នោះ​ក៏​បាន​ចេញទៅផ្នូរ 4អ្នកទាំង​ពីរ​ក៏​រត់ទៅជាមួយគ្នាប៉ុន្តែសិស្សម្នាក់ទៀតនោះ​បាន​រត់លឿនជាង​លោក​ពេត្រុសហើយ​បាន​ទៅដល់ផ្នូរមុន 5ពេលគាត់​ឱនចុះ​នោះ​ក៏​ឃើញ​មានតែ​ក្រណាត់ទេសឯក​ប៉ុណ្ណោះ​ប៉ុន្តែ​គាត់​មិន​បាន​ចូលទៅទេ 6បន្ទាប់មកលោក​ស៊ីម៉ូនពេត្រុសក៏​មក​ដល់តាមក្រោយដែរ​គាត់​ចូលទៅក្នុងផ្នូរហើយឃើញក្រណាត់នៅទីនោះ 7រីឯកន្សែងដែល​បាន​រុំ​ព្រះ​សិររបស់ព្រះអង្គមិននៅជាមួយក្រណាត់ទេសឯកនោះទេគឺ​បាន​ឆ្មូលទុកនៅកន្លែងមួយដោយឡែក 8បន្ទាប់មកសិស្សម្នាក់ដែលមកដល់ផ្នូរមុន​បាន​ចូលទៅដែររួច​គាត់​ក៏​ឃើញហើយជឿ 9ប៉ុន្តែទោះជាយ៉ាងណាក្តី​ពួកគេមិនទាន់យល់នៅឡើយ​អំពី​បទគម្ពីរ​ដែល​ចែង​ថាព្រះអង្គត្រូវរស់ពី​ការ​សោយ​ទិវង្គតឡើងវិញ 10ដូច្នេះសិស្ស​ទាំង​ពីរ​នោះ​ក៏ទៅ​ផ្ទះ​របស់​ពួកគេវិញ

ម៉ារា​អ្នកក្រុងម៉ាក់​ដាឡា​ជួប​​ព្រះយេស៊ូ

11រីឯ​នាង​ម៉ារា​វិញ​បាន​ឈរយំខាងក្រៅផ្នូរពេល​នាង​កំពុង​យំ​នាង​ក៏​ឱនទៅក្នុងផ្នូរ 12ហើយឃើញទេវតាពីរនាក់ស្លៀកពាក់​កំពុង​អង្គុយ​នៅ​កន្លែងដែល​គេ​ផ្ដេកសព​ព្រះ​យេស៊ូ​គឺ​ម្នាក់នៅខាងក្បាលនិងម្នាក់ទៀតនៅខាង​ចុង​ជើង 13ទេវតាទាំងនោះ​បាន​សួរនាងថា៖ ​«នាងអើយហេតុអ្វី​នាង​យំ?» ​នាង​ឆ្លើយ​ប្រាប់​ថា៖ ​«ពួកគេ​បាន​យកព្រះអម្ចាស់​របស់​ខ្ញុំ​ខ្ញុំ​មិន​ដឹង​ថា​ពួកគេ​ដាក់ព្រះអង្គ​នៅ​កន្លែងណាទេ 14ពេលប្រាប់​អំពី​សេចក្ដីទាំងនេះហើយនាង​ក៏​បែរក្រោយហើយឃើញ​ព្រះ​យេស៊ូ​កំពុង​ឈរប៉ុន្តែ​នាង​មិនស្គាល់ថា​នោះ​ជា​ព្រះ​យេស៊ូទេ 15ព្រះយេស៊ូមានបន្ទូល​ទៅ​នាងថា៖ ​«នាងអើយ! ​ហេតុអ្វីបានជា​អ្នក​យំ? ​តើ​អ្នក​រកអ្នកណា?» ​ដោយ​គិតថា​ព្រះអង្គ​ជាអ្នកថែសួន​ទើប​នាង​ទូល​ទៅ​ព្រះអង្គថា៖ ​«ឱ​លោកអើយ! ​បើលោក​បាន​យកសព​សូម​ប្រាប់ខ្ញុំអំពីកន្លែងដែល​លោក​បាន​ដាក់សព​ផង​ខ្ញុំ​នឹង​ទទួលយក​វិញ»។ 16ព្រះយេស៊ូមានបន្ទូល​ទៅ​នាងថា៖ ​«ម៉ារា!» ​នោះនាង​ក៏​បែរ​ទៅ​ហើយ​ទូលព្រះអង្គ​ជា​ភាសា​ហេព្រើរថា៖ ​«រ៉ាបូនី!» ​(​ដែលប្រែថាលោកគ្រូ​) 17ព្រះយេស៊ូមានបន្ទូល​ទៅ​នាងថា៖ ​«កុំពាល់ខ្ញុំព្រោះ​ខ្ញុំ​មិនទាន់​ឡើង​ទៅ​ព្រះ​វរ​បិតានៅឡើយប៉ុន្តែ​ចូរ​អ្នក​ទៅ​ពួក​បងប្អូន​របស់​ខ្ញុំហើយប្រាប់ពួកគេថា​ខ្ញុំ​នឹង​ឡើង​ទៅ​ព្រះ​វរ​បិតា​របស់​ខ្ញុំហើយ​ជា​ព្រះ​វរ​បិតា​របស់​អ្នករាល់គ្នា​គឺ​ជា​ព្រះ​របស់​ខ្ញុំហើយ​ជា​ព្រះ​របស់​អ្នករាល់គ្នា​ដែរ»។ 18ពេលនោះនាង​ម៉ារា​អ្នក​ក្រុង​ម៉ាក់ដាឡា​ក៏​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ពួក​សិស្សថា៖ ​«ខ្ញុំ​បាន​ឃើញព្រះអម្ចាស់» ​ព្រមទាំងសេចក្ដី​ដែល​ព្រះអង្គ​បាន​មានបន្ទូល​ប្រាប់​នាង​ផង។

ព្រះយេស៊ូបង្ហាញ​ខ្លួន​ដល់​ពួក​សិស្ស​

19នៅពេលល្ងាច​ក្នុង​ថ្ងៃទីមួយ​នៃ​សប្ដាហ៍នោះ​ពួក​សិស្ស​បាន​នៅកន្លែងមួយ​ដោយ​បានបិទទ្វារព្រោះតែខ្លាច​ពួក​ជនជាតិ​យូដា។ ​ពេលនោះ​ព្រះ​យេស៊ូ​ក៏​យាងមកឈរនៅកណ្ដាល​ពួក​សិស្សហើយមានបន្ទូលថា៖ ​«សូម​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​សុខសាន្ត 20ពេលព្រះអង្គ​មានបន្ទូលដូច្នោះ​ហើយ​ព្រះអង្គ​ក៏​បង្ហាញ​ព្រះ​ហស្ដនិងចំហៀង​ខ្លួន​របស់​ព្រះអង្គ​ឲ្យ​ពួកគេឃើញពេលនោះ​ពួក​សិស្ស​ក៏​មាន​ចិត្ដ​ត្រេកអរ​ដោយ​បាន​ឃើញព្រះអម្ចាស់ 21ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេម្ដងទៀតថា៖ ​«សូម​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​សុខសាន្ត! ​ព្រះ​វរ​បិតា​បាន​ចាត់ខ្ញុំឲ្យមក​ជា​យ៉ាងណាខ្ញុំ​ក៏​ចាត់អ្នករាល់គ្នាឲ្យទៅ​ជាយ៉ាងនោះ​ដែរ»។ 22ពេលព្រះអង្គ​មានបន្ទូលដូច្នេះ​ហើយ​ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេទាំងមានបន្ទូលថា៖ ​«ចូរ​ទទួល​ព្រះ​វិញ្ញាណបរិសុទ្ធចុះ! 23បើអ្នករាល់គ្នា​លើកលែងទោសបាប​ឲ្យ​អ្នកណានោះពួកគេ​នឹង​ទទួល​បាន​ការ​លើកលែងទោស​ប៉ុន្តែ​បើ​អ្នករាល់គ្នា​មិន​លើកលែង​ទោស​បាប​ឲ្យ​ពួកគេ​ទេ​នោះ​ពួកគេ​នឹង​នៅតែ​មាន​បាប»។

ព្រះយេស៊ូបង្ហាញ​ខ្លួន​ដល់​លោកថូម៉ាស​

24លោក​ថូម៉ាស​ជា​ម្នាក់ក្នុងចំណោម​សាវក​ទាំង​ដប់ពីរ​ហើយ​ជា​ម្នាក់​ដែលគេ​ហៅ​ថាឌីឌីមគាត់មិន​បាន​នៅជាមួយពួកគេទេនៅពេល​ព្រះ​យេស៊ូ​យាង​មក 25ដូច្នេះពួក​សិស្សផ្សេងទៀត​បាន​ប្រាប់គាត់ថា៖ ​«យើង​បាន​ជួបព្រះអម្ចាស់ហើយ!» ​ប៉ុន្តែគាត់ឆ្លើយ​ទៅ​ពួកគេថា៖ ​«បើខ្ញុំមិន​បាន​ឃើញស្នាមដែកគោលនៅ​នឹង​ព្រះ​ហស្ដរបស់ព្រះអង្គ​ហើយ​មិន​បាន​លូកម្រាមដៃខ្ញុំទៅក្នុងស្នាមដែកគោល​នោះ​និងទៅក្នុងចំហៀងខ្លួនរបស់ព្រះអង្គទេ​នោះ​ខ្ញុំ​មិនជឿជាដាច់ខាត»។ 26ប្រាំបីថ្ងៃក្រោយមក​ពួក​សិស្សរបស់ព្រះអង្គ​បាន​នៅក្នុង​ផ្ទះ​ម្ដងទៀតហើយ​លោក​ថូម៉ាស​ក៏​នៅជាមួយពួកគេ​ដែរ​រីឯ​ទ្វារបិទជិត​នៅឡើយ​ព្រះ​យេស៊ូក៏​យាង​មកឈរនៅកណ្ដាល​ចំណោម​ពួកគេទាំងមានបន្ទូលថា៖ ​«សូម​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីសុខសាន្ដ 27រួចព្រះអង្គ​មានបន្ទូល​ទៅ​លោក​ថូម៉ាសថា៖ ​«ចូរ​លូកម្រាមដៃ​របស់​អ្នក​មក​ទីនេះហើយមើលដៃខ្ញុំ​ចុះ! ​ចូរ​លូកដៃ​របស់​អ្នក​មក​ក្នុងចំហៀង​ខ្លួន​របស់​ខ្ញុំ​ចុះ! ​ចូរ​កុំធ្វើជាអ្នក​គ្មាន​ជំនឿប៉ុន្តែ​ចូរ​ធ្វើជា​អ្នក​មាន​ជំនឿ​វិញ!» 28ពេលនោះលោក​ថូម៉ាសទូលឆ្លើយ​ទៅ​ព្រះអង្គថា៖ ​«​ព្រះអម្ចាស់​របស់​ខ្ញុំនិង​ជា​ព្រះ​របស់​ខ្ញុំអើយ 29ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«តើ​អ្នកជឿដោយព្រោះ​អ្នក​បាន​ឃើញខ្ញុំ​ឬ? ​អស់​អ្នកដែលជឿ​ដោយ​មិន​បាន​ឃើញ​អ្នក​នោះ​មានពរហើយ

គោល​បំណង​របស់ដំណឹង​ល្អ​យ៉ូហាន​

30ព្រះ​យេស៊ូ​បាន​ធ្វើទីសំគាល់អស្ចារ្យជាច្រើនទៀតនៅមុខ​ពួក​សិស្សរបស់ព្រះអង្គដែលមិនបានកត់ត្រាទុកក្នុងសៀវភៅនេះទេ 31ប៉ុន្តែសេចក្ដី​ទាំងនេះ​បាន​ចែង​ទុក​មកដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ជឿថា​ព្រះ​យេស៊ូជា​ព្រះ​គ្រិស្ដ​ជា​ព្រះ​រាជ​បុត្រារបស់ព្រះជាម្ចាស់និងដើម្បី​ឲ្យ​អ្នករាល់គ្នា​មានជីវិតក្នុង​ព្រះ​នាមរបស់ព្រះអង្គ​ដោយសារ​ជំនឿ​នោះ។
Copyright information for KhmKCB